ខេត្តសៀមរាប ៖ មានករណីក្រុមចោរ៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យ។
លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញយើងបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្នោះដូចខាងក្រោម៖
*១៖ ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប
*២៖ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តសៀមរាប និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រត្តិបទល្មើសបានមួយចំនួន។
ក្រោយពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩ និង ១៥ នាទី ពួកខ្លួនដែលមានបក្ខចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន៕