ប្រជាពលរដ្ឋជាច្រើនបានយល់កាន់តែច្បាស់ ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
សន្តិសុខសង្គម
149

មន្រ្តីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើន បានយល់កាន់តែច្បាស់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ចាប់តាំងពីខែវិច្ឆិកា ២០២៣ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសមាជិករបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបជាង១០ម៉ឺននាក់ ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ មានបុគ្គលស្វ័យនិយោជន៍ចំនួន ៩៧ ០០០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជិត ១ម៉ឺននាក់។

លោកបញ្ជាក់ថា ការចុះបញ្ជីយ៉ាងច្រើនក្នុងរយៈពេលជាង២ខែនេះ គឺបង្ហាញថាប្រជាពលរដ្ឋបានសាទរចំពោះគោលនយោបាយពង្រីកការគ្រប់ដណ្តប់ការថែទាំសុខភាព ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យអនុវត្តន៍ ដែលជាការបង្ហាញនៃការជឿជាក់មកលើបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការពេញចិត្តលើសេវាមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ ប.ស.ស.។ «ការធ្វើបណ្ណ ប.ស.ស. នេះ គឺធ្វើភ្លាមបានភ្លាមៗតែម្ដង ដោយរយៈពេលនៃការធ្វើប្រហែលជា៣០នាទីប៉ុណ្ណោះ ចំណុចនេះក៏ខ្ញុំសូមមានឱ្យមានការអធ្យាស្រ័យផងដែរចំពោះករណីបងប្អូនមានការរង់ចាំយូរជាងពេលធម្មតា ដោយសារកត្តានៃការមកទទួលសេវាច្រើននៅតាមស្នាក់ការ ប.ស.ស. នៅទូទាំងប្រទេស ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបររកស៊ី ព្រោះគាត់យល់ដឹងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ទើបពួកគាត់នាំគ្នាសម្រុកមកធ្វើចុះបញ្ជីផ្នែកស្វ័យនិយោជន៍នៅបេឡាជាតិសន្តិសុខសង្គម នៅទូទាំងប្រទេសតែម្ដង។»

លោក ជឹក សារិន ប្រជាពលរដ្ឋដែលបានមកចុះឈ្មោះចូលជាសមាជិករបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព បានចាត់ទុកថា ការចុះឈ្មោះធ្វើបណ្ណ ប.ស.ស គឺដូចជាការទិញធានារ៉ាប់រងមួយទៅ ដល់ក្រុមគ្រួសារ ព្រោះបើសិនមិនមានបណ្ណប.ស.សនេះ នៅពេលដែលពិនិត្យសុខភាពនៅមន្ទីរពេទ្យ គឺត្រូវចំណាយថវិកាច្រើន។ ដូច្នេះការចំណាយក្នុង១ខែ ត្រឹមតែ១៥៦០០រៀលនេះក្នុងម្នាក់ ហើយទទួល បានការថែទាំងសុខាភាពមកវិញ គឺជាផលចំណេញមួយសម្រាប់ប្រជាពលរដ្ឋ។ «បណ្ណប.ស.ស នេះបានផ្ដល់ឱ្យយើងនូវផលចំណេញធំធេងណាស់សម្រាប់គ្រួសារនីមួយៗហើយបណ្ណប.ស.ស គ្រួសារនីមួយៗធ្វើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវតែមកចូលរួមធ្វើទាំងអស់គ្នាទៅ។ ព្រោះនៅពេលដែលយើងមានហានិភ័យកើតឡើងវាពិបាក បើយើងមានបណ្ណប.ស.សនេះគឺល្អសម្រាប់គ្រួសាររបស់យើង ព្រោះកាលណាដែលយើងមិនមានបណ្ណនេះ យើងទៅព្យាបាលគឺមិនអស់តិច នោះទេ ចូលពេទ្យព្យាបាលល្មមៗក៏អស់ខ្ទង់ពាន់ដុល្លារផងដែរ នៅពេលដែលយើងមានបាននេះហើយក៏វានឹងជួយកាត់បន្ថយការចំណាយយ៉ាងច្រើន។ សូមអរគុណរាជរដ្ឋាភិបាលដែលបានឱ្យមានបណ្ណប.ស.ស នេះ បានជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋរបស់យើងបានច្រើន។»

លោក ហេង សុផាន់ណារិទ្ធ បន្ថែមថាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម នឹងបន្តពង្រីកការផ្សព្វផ្សាយ របស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ទទួលបានការយល់ដឹងកាន់តែច្បាស់និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តកាលលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram