រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកដឹកជញ្ជូន បានអះអាងទាំងទឹកភ្នែកថា ប្រពន្ធគាត់ទើបតែសម្រាលកូនរួច ក្នុងខ្លួនគាត់មានលុយតែ១៤០០០រៀល ខំប្រឹងដឹកអីវ៉ាន់ឲ្យគេ រកលុយទុកទិញទឹកដោះគោឲ្យកូន បែរជាចោរម្នាក់ ដើរថ្មើរជើង យកដាវមកភ្ជង់ក ប្លន់យកម៉ូតូពីគាត់បានសម្រេច ទាំងគាត់ស្រែករត់ឆោឡោពេញផ្លូវឲ្យគេជួយ តែគ្មានអ្នកជួយ ។
ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវបុរីមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង៧យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មាន និងការអះអាងរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកម្ហូបឱ្យភ្ញៀវ នៅម្ដុំច្រកចូលបុរីអង្គរ។ តែជិះមកដល់ផ្លូវកើតហេតុ ក៏ឈប់បត់ជើងតូច ស្រាប់តែលេចមុខជនសង្ស័យចេញពីក្នុងព្រៃ បានយកដាវមកភ្ជង់ប្លន់មកលើគាត់ រួចឲ្យគាត់ចុះពីលើម៉ូតូ បើមិនចុះទេវានឹងកាប់សម្លាប់ចោល។ ភ្លាមនោះគាត់ក៏បានប្រតាយប្រតប់ ជាមួយនឹងជនសង្ស័យពេញផ្លូវ តែដោយសារតែជនសង្ស័យបានយកកាំបិតដេញកាប់ជនរងគ្រោះ ទើបជនរងគ្រោះរត់យករួចខ្លួនសិន និងរត់ស្រែករត់ឆោឡោពេញផ្លូវឲ្យគេជួយ តែគ្មានអ្នកជួយ ឱកាសល្អជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ ហើយក៏ជិះគេចរត់គេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាទៅកាន់ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ប្រញាប់ចុះទៅដល់ទីតាំងកើតហេតុ សាកសួរ និងស្រាវជ្រាវ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ Mrr Ka