អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្រ្តីនគរបាល១០រូបបន្ថែមទៀត ត្រូវបាន បណ្តេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីធ្វើតេស្តឃើញមានសារធាតុញៀន។ លោកបណ្ឌិតបន្តថា ក្នុងចំណោម១០នាក់ ដែលមាន សារធាតុញៀននៅក្នុងខ្លួននោះ សុទ្ធសឹងជាមន្ត្រី ហើយឋានន្តរស័ក្តិខ្ពស់បំផុត គឺត្រឹមអនុសេនីយ៍ឯក ពោលស័ក្ដិ៣ប៉ុណ្ណោះ ដែលរួមមាន នៅក្នុងនាយកដ្ឋានព្រំដែនទឹកម្នាក់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២នាក់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៣នាក់ នាយកដ្ឋានសន្តិសុខឯកជនម្នាក់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺម្នាក់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង២នាក់។
លោកបណ្ឌិតបន្ថែមថា មន្រ្តីនគរបាល ដែលមានសារធាតុញៀនទាំងនោះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញចេញជាបន្ទាន់ កាលពីដើមសប្ដាហ៍ទី១ ក្នុងខែមករា ឆ្នាំ២០២៤។ លោកបណ្ឌិតបន្តទៀតថា ការធ្វើដូច្នេះ គឺអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្តេចបានថ្លែងថា ក្នុងករណីណាដែលកងកម្លាំងនគរបាលជាតិ ឬកងកម្លាំងប្រដាប់អាវុធរកឃើញថា មានសារធាតុ ញៀននៅក្នុងខ្លួន ឬពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌជាដាច់ខាត។
«កងកម្លាំងនគរបាលជាតិទាំងអស់នោះ លោកមានការសប្បាយរីករាយត្រេកអរ ហើយចូលរួមយ៉ាងសកម្ម ដោយស្ម័គ្រចិត្ត នៅក្នុងការធ្វើតេស្តរកសារធាតុញៀននេះ ។ ដូច្នេះបានន័យថា គឺលទ្ធផលនេះបញ្ជាក់ថា ចំនួនដែលរកឃើញនូវសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិ ធៀបនឹងចំនួនកងកម្លាំងសរុបទាំងអស់ គឺមានតិចតួចបំផុត។ ដែលនេះបញ្ជាក់ថា នគរបាលជាតិបានស្គាល់អំពីច្បាប់ អនុវត្តច្បាប់ យល់អំពីបទបញ្ជា អនុវត្តបទបញ្ជា អនុវត្តវិន័យ តួនាទីភារៈកិច្ច យល់ច្បាស់អំពីភាពជាគំរូក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ដល់មហាជនដល់យុវជន យល់ច្បាស់អំពីហានិភ័យឬគ្រោះថ្នាក់ដែលកើតឡើងដោយសារតែការពាក់ព័ន្ធនឹងគ្រឿងញៀនឬ ការប្រើប្រាស់គ្រឿងញៀន។»
លោកបណ្ឌិតបន្ថែមទៀតថា កងកម្លាំងនគរបាលជាតិចំណុះឱ្យបណ្ដាអង្គភាពផ្សេងៗនៃក្រសួងមហាផ្ទៃ គឺនៅបន្តយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះជាដំណាក់កាលៗបន្តទៀត។ លោកបណ្ឌិតសង្ឈឹមថា កងកម្លាំង មន្ត្រីស៊ីវិល មន្ត្រីពន្ធនាគារក្ដី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងច្បាប់ពាក់ព័ន្ធលិខិតបទដ្ឋាន ជារួមទាំងក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងការបម្រើប្រជាពលរដ្ឋ តាមទស្សនៈអ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ គូរជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញនូវសារធាតុញៀន៕ ប្រភព៖ ក្រសួងព័ត៍មាន