រាជធានីភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹងដូចតទៅ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូច បានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្ត្ររាជធានី ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។
ចំពោះសកម្មភាពខុសច្បាប់ ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនដល់សាធារណៈជនទាំងអស់អំពីផលវិបាក នៃ សកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែ មានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។
ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមានដូចបានជម្រាបជូនខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរ សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់។
ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា មនុស្ស មួយចំនួនតូចនេះនឹងចូលរួមសហការបញ្ឈប់សកម្មភាពល្មើស ហើយសូមអំពាវនាវដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តអប់រំកុំឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់នេះបន្តទៀត ៕