នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលធម្មបដិសណ្ឋារកិច្ច ឧកញ៉ា អគ្គមហាឧបាសិកា ញឹក ប៊ុនថា លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ និងសហការី នៅទីស្តីការក្រសួង ដោយយល់ព្រមឯកភាពសហការការងារជាមួយ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដោយគាំទ្រតាមការណែនាំ របស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនមក ព្រះមេគណរាជធានី-ខេត្ត ស្តីពីការចូលរួមចំណែកសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត- កុសមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក៏បានឯកភាពក្នុងការប្រតិបត្តិពង្រឹងព្រះពុទ្ធសាសនាតាមគុម្ពីព្រះត្រៃបិយដ ខណៈបច្ចុប្បន្នឃើញថាមានការប្រែប្រួលច្រើន ទាំងការគោរពធម្មវិន័យខាងព្រះសង្ឃ ដែលចាំបាច់ត្រូវពង្រឹង តាមរាជធានីខេត្តទាំងអស់ ដូច្នេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏បានអបអរសាទរ និងបានរួមចំណែកពង្រឹងព្រះពុទ្ធសាសនា តាមរយៈក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ផ្ទាល់តែម្តង។ ហើយសម្រាប់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ត្រូវគ្នាត្រូវពង្រឹងការសិក្សា ប្រតិបត្តិ សីល សមាធិ បញ្ញា ដែលសិស្សគ្រូមកចូលរួមគឺយកព្រះត្រៃបិយដកជាគោល ពិសេសគឺឯកភាព សហការរួមគ្នាជាមួយក្រសួងធម្មការនិងសាសនា ក្នុងការលើកតម្កើង តម្លៃព្រះពុទ្ធសាសនាកម្ពុជា ជាសាសនារបស់រដ្ឋ ផងដែរ ។
សូមបញ្ជាក់ថា សម្តេចព្រះពោធិវ័ង្ស អំ លីមហេង គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនមក ព្រះមេគណរាជធានី-ខេត្ត ស្តីពីការចូលរួមចំណែកសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត- កុសមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។
យោង: លិខិតលេខ ២៧១ សជណ.កស ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណរាជធានី-ខេត្ត ជ្រាបថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ដែលរាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ជូន ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា ធ្វើការសាងសង់ដោយត្រូវសហការជាមួយក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ និងស្ថាប័នដែលពាក់ព័ន្ធ។
ក្នុងន័យនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណរាជធានី-ខេត្ត ព្រះមេត្តា ជួយសហការគាំទ្រ និងជួយចាត់ចែងជូនដំណឹងដល់ ដល់ពុទ្ធបរិស័ទចំណុះរាជធានី-ខេត្ត ដែលមានបំណងភ្ជាប់និស្ស័យ ចូលរួមក្នុងការកសាងនូវ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាកម្លាំងមហាសាមគ្គីពុទ្ធបរិស័ទខ្មែរ ព្រមទាំង ទទួលអានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទន្ទឹមនេះ គណៈសង្ឃនាយក នឹងរៀបចំផែនការដើម្បីពិនិត្យមើលលទ្ធភាព ដែលគណៈសង្ឃគ្រប់លំដាប់ថ្នាក់ អាចចូលរួមបាន ក្នុងគោលបំណងរួមចំណែកសកម្មភាពកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា ដើម្បីរំលឹកគុណ ដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិតទៅ។
សេចក្តីប្រគេន-ជូនដំណឹងនេះ សូមព្រះមេគណគ្រប់រាជធានី-ខេត្ត មេត្តាចូលរួមសហការជួយ ផ្សព្វផ្សាយសេចក្តីនេះដល់ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទទូទៅផុសផុល ដើម្បីចូលរួមឧបត្ថម្ភ គាំទ្រ និងអនុមោទនាមហាកុសលដ៍ថ្លៃថ្លានេះ តាមសេចក្តីជ្រះថ្លា រហូតដល់ការសាងសង់ បានចប់រួចរាល់ជាស្ថាពរ ។