ខេត្តកំពង់ចាម៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងមួយកន្លែង យ៉ាងសន្ធោសន្ធៅ កាលពីវេលាលម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិណាំកិន ឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ណៃ សេង ភេទ ស្រី អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ (ស្រ្តីមេម៉ាយ) រស់នៅភូមិណាំកិន ឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម បណ្តាលឲ្យឆេះខូចខាត ផ្ទះមានទំហំ ៨x១៣ ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿងជញ្ជាំងក្តាចាក់បេតុងក្រោមឆេះអស់ទាំងស្រុង មាសចំនួន ០៣ តំឡឹង ប្រាក់ចំនួន ០៣ លានរៀល អីវ៉ាន់ចាប់ហួយក្នុងផ្ទះតម្លៃប្រមាណ ០៦ លានរៀល ប្លង់ដី ប្លង់ផ្ទះ និង សម្ភារៈប្រើប្រាស់មួយចំនួន ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
សូមបញ្ជាក់ថា ក្នុងករណីខាងលើនេះមិនបណ្ដាលអោយមានរបួសដល់មនុស្សនោះទេ ដោយកងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង ស្រុកព្រៃឈរចំនួន ០២ គ្រឿង និងស្រុកកងមាសចំនួន ០១ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ០៣ រថយន្ត រហូតរលត់អស់១០០% នៅវេលាមោង ០៨និង៥៥ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕