ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅលើដងផ្លូវ១២៣ ស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី អំពើលួច (ឆក់ទូរស័ព្ទ) កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន ៖
១/ឈ្មោះ ធឿន ថន ហៅខន ចន្ថា ហៅ២៣ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល)
២/ឈ្មោះ ទី មុន្នី ហៅង៉ោល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
៣/ឈ្មោះ ជឺ ម៉េងហ៊ុយ ហៅតុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1F-0382 បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ របស់ឈ្មោះ ឈាង រតនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវហើយទុកទូរស័ព្ទក្នុងហោប៉ៅខោ (ខោខូវប៊យ)។
ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដឹកនាំបញ្ជាកម្លាំងជំនាញរបស់អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ព័ទ្ធស្ទាក់ឃាត់បានជនសង្ស័យទាំង០៣នាក់ខាងលើ ជាមួយវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង (ម៉ូតូធ្វើសកម្មភាព) និងទូរស័ព្ទរបស់ជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕