ខេត្តកំពង់ស្ពឺ : ចិត្តបរិសុទ្ធជ្រះថ្លា គឺជាដើមចមនៃភាពស្អាត ហើយភាពស្អាតទាំងផ្លូវចិត្ត និងកាយបានដឹកនាំមនុស្សឆ្ពោះទៅរកសេចក្តីសុខប្រកបដោយភាពថ្លៃថ្នូរ និងមានកិត្តិយសនៅក្នុងសង្គមជាតិ។ ទាំងនេះគឺជាគោលបំណងនៃគម្រោងសាងសង់ទីកន្លែងសម្រាប់ធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលនឹងរៀបចំសាងសង់ដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទីតាំងរបស់លោករដ្ឋមន្រ្តី និងគណប្រតិភូអមដំណើរ និងឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា រួមទាំងឧបាសក ឧបាសិកាចំណុះមជ្ឈមណ្ឌល នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ លោកមានប្រសាសន៍ថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិផ្សារភ្ជាប់ និងជីវិតប្រចាំថ្ងៃដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។