រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ឆក់ទូរសព្ទដៃពីនារីម្នាក់ បានសម្រេច ហើយជិះរត់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម ប៊ុន វណ្ណារដ្ឋ អនុនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រដេញតាមចាប់បានយ៉ាងប្រផាប់ប្រភីង ផ្អើលពេញផ្លូវ បានទាំង២នាក់ បញ្ជូនទៅក្រសួងមហាផ្ទៃភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅរង្វង់មូលទួលគោកចាស់ ស្ថិតនៅសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង៨យប់ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេបានឃើញនារីម្នាក់ ធ្វើដំណើរតាមផ្លូវ៤៦៤ កែង ១៥៥ ដោយសារអត់លុយធ្វើម៉ូតូ ពួកគេក៏បបួលគ្នាលូកដៃឆក់ទូរសព្ទ IPhone 13Pro Max ពីនារីម្នាក់បានសម្រេច ហើយក៏ជិះរត់ តែរត់យ៉ាងណាក៏មិនរួចពីកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ។
ឯកឧត្តម ប៊ុន វណ្ណារដ្ឋ អនុនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់នេះ ជិះម៉ូតូស្កុបពី ពណ៌សឌុបគ្នាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ បានសម្រេចហើយនាំគ្នាជិះរត់ចំពេលកម្លាំងល្បាតរបស់លោក បានឃើញក៏ធ្វើការដេញតាំងពីមុខផ្សារទួលទំពូង រហូតដល់រង្វង់មូលទួលគោកចាស់ ស្ថិតនៅសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក ទើបឃាត់បាន។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕ Mrr Ka