រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ បណ្តើរចេញគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ផ្តួលម៉ូតូចោល ជិះម៉ូតូរបស់ខ្លួនវិញ ទៅបុកបង្គោលភ្លើងបណ្តាលឲ្យដួលរងរបួស ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុត ឡាប ភេទ ស្រី អាយុ ៥៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើត ហេតុ។
ចំណែក ជនសង្ស័យឈ្មោះ ចាន់ វុទ្ធី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ បេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (សារធាតុញៀន)។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ ១IA-៤២៧៨ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកទេ រួចក៏ទៅសម្រាកលើគ្រែក្រោមផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Nex ពណ៌សលាយក្រហម ផ្លាកលេខ ភ្នំពេញ ១CF-៦៣៦៧ មកឈប់មុខផ្ទះជនរងគ្រោះ ដោយមានសភាពស្ងាត់ ជនសង្ស័យក៏ដើរទៅលួចម៉ូតូជនរងគ្រោះបណ្តើរចេញគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ពេលនោះជនសង្ស័យក៏ទុកម៉ូតូជនរងគ្រោះនៅក្បែរកន្លែងកើតហេតុ រួចឡើងជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើគេចខ្លួនទៅបុកបង្គោលភ្លើងបណ្តាលឲ្យដួលរងរបួស ភ្លាមនោះជនរងគ្រោះក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូម៉ាក Suzuki Nex (របស់ជនសង្ស័យជិះធ្វើសកម្មភាព) និងម៉ាក Honda Scoopy (របស់ជនរងគ្រោះ) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯង សាកសួរ និងចតា់ការបន្តតាមនីតិវិធីច្បាប់ ៕ មេសា