រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានជំងឺបាក់ទឹកចិត្ត រយៈពេល១០ឆ្នាំមកហើយ ប្រពន្ធបាត់ប្តីចេញពីផ្ទះយូរពេក ក៏តាមរកមើល ស្រាប់តែឃើញមកចងកសម្លាប់ខ្លួនស្លាប់ ក្នុងដីចំការបាត់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ ប៊ី សុខា អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៣A ផ្លូវ៣៤៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈនោះប្រពន្ធរបស់គាត់ បាត់ប្តីយូរពេក ក៏ឲ្យក្មេងដែលនៅជាមួយជិះម៉ូតូជូនមកដីចំការ ស្ថិតនៅចំណុចក្រុមទី៤ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មករកមើលប្តី ព្រោះខ្លាចប្តីគិតខ្លី ដោយសារប្តីគាត់មានជំងឺបាក់ទឹកចិត្ត១០ឆ្នាំមកហើយ និងប្រើប្រាស់ថ្នាំជាប្រចាំ លុះពេលមកដល់ក៏ឃើញម៉ូតូជនរងគ្រោះចតទុកចោលនៅក្រោមផ្ទះ តែពុំឃើញមនុស្សនោះទេ លុះប្រពន្ធឡើងទៅលើផ្ទះ ក៏ឃើញប្តីចងកនឹងខ្សែនីឡុងពណ៌ត្រេអ៊ី ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពបញ្ជាក់ថា ពិតជាស្លាប់ដោយសារចងកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ