បំបែកសំណុំរឿងករណីឃា...ត...ក....ម្ម ខឹ..ងបើកភ្លើងហ្វាចាំងភ្នែកពេក! ចា...ប់ខ្លួនក្រុមក្មេ...ងទំនើ...ងគ..ប់កញ្ចក់រថយន្ត បណ្ដាលឱ្យអ្នកបើកបរស្លា..ប់!
សន្តិសុខសង្គម
321

ខេត្តព្រៃវែង៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា នគរបាលខេត្តព្រៃវែង រួមសហការគ្នា ចុះស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតចាប់ឃាត់ខ្លួនក្រុមជនដៃដល់គប់កញ្ចក់រថយន្តកុងតឺន័រ បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លាប់បាត់បង់ជីវិត យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០០ និង ៣០នាទី មានករណី រថយន្តបើកធ្លាក់ជើងទេ បណ្តាលឱ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត កើតឡើងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវ រួចដាក់ការសង្ស័យថាករណីនេះអាចមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺអាចជាករណីគប់កញ្ចក់រថយន្ត ។

បន្ទាប់ពីដាក់ការសង្ស័យ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្កើតក្រុមចុះស្រាវជ្រាវ ស៊ើបអង្កេត ករណីនេះ ចំនួន ៣ក្រុម ដែលជាកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ មិនដកដៃឡើយ រហូតដល់ភូមិសាស្ត្រស្រុកបាភ្នំ និងបានហៅជនសង្ស័យជាច្រើននាក់មកបំភ្លឺ ប៉ុន្តែមិនមានតម្រុយជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ ។

លុះរហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០នាទី មានកើតករណី លួចមានស្ថានទម្ងន់កើតឡើង តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់ ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួចធ្វើការសាកសួរ និងបន្តឃាត់ខ្លួនមុខសញ្ញាមួយក្រុមចំនួន ០៤នាក់បន្ថែមទៀត ហើយក៏បន្តតាមក្របួចបានក្រុមមុខសញ្ញា ៤នាក់ទៀត ដែលជាក្រុមជនសង្ស័យធ្វើសកកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ជាបន្តបន្ទាប់ សរុប ១០នាក់ យកមកធ្វើការសួរនាំ ។

ក្រោយសួរនាំជនសង្ស័យទាំង ១០ នាក់ខាងលើ នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏មានតម្រុយរហូតកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងករណីគប់កញ្ចក់ឡានខាងលើ ទើបឈានដល់ចាប់ខ្លួនជនសង្ស័យ ១នាក់ នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ មានឈ្មោះ ទូច ចិន ភេទប្រុស អាយុ ២១ឆ្នាំ (ជាជនដៃដល់) នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្ត បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរស្លាប់បាត់បង់ជីវិត ។

ដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងជំនាញ បានធ្វើការសួរនាំជនសង្ស័យអស់រយៈពេល ២ថ្ងៃ ទើបជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តកុងតឺន័រ ដែលបើកបរដោយជនរងគ្រោះខាងលើ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន និងបានសហការប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់សង្ស័យខាងលើ និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ទៀត ដោយពន្លាតសមត្ថកិច្ចដែនដីរហូតដល់ខេត្តព្រះសីហនុ និងបន្តដល់រាជធានីភ្នំពេញ ។ ដោយការខិតតស៊ូទាំងយប់ទាំងថ្ងៃ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះ នូ ដារ៉ា ហៅតាក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា បន្ទាប់ពីពួកគេចេញហូបអីនៅគល់ស្ពានអ្នកលឿង ដើម្បីត្រឡប់ទៅផ្ទះ ពួកគេបានរើសដុំឥដ្ឋ និងដាវជាប់នឹងម៉ូតូស្រាប់ ដើម្បីត្រៀមការពារខ្លួនក្រែងជួបពួកសត្រូវរបស់ពួកគេនៅម្តុំផ្សារកំពង់សឹង ស្រាប់តែដល់កន្លែងកើតហេតុ ពួកគេក៏ជួបឡានបើបរបញ្ច្រាសទិសគ្នាបើកភ្លើងហ្វាចាំងភ្នែកពួកគេពេក ពួកគេក៏ខឹង រួចយកដុំថ្មជាប់នឹងម៉ូតូគប់ទៅលើរថយន្តនោះ ដើម្បីជាការព្រមាន ប៉ុន្តែពួកគេមិនមានបំណងចង់ឱ្យម្ចាស់រថយន្តស្លាប់នោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេ បានបណ្ដាលឱ្យអ្នកបើកបររថយន្តស្លាប់បាត់បង់ជីវិត ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ហើយត្រូវចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ៕


Telegram