រាជធានីភ្នំពេញ ៖ មានការផ្អើលមួយបានកើតឡើង ខណៈបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកបណ្តាំ១សន្លឹក ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១ រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះតាមបណ្តោយផ្លូវ ១០BT ក្រុម៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ លឹម គឹមណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកធនាគារមួយកន្លែង មានទីលំនៅ ផ្លូវ១០BT ក្រុម៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ ខណៈឪពុកម្តាយបងប្អូនទៅលេងនៅប្រទេសក្រៅបាត់ ផ្ញើរកូននៅនឹងអ្នកជិតខាង ជួយមើលផងពេលពួកគាត់មិននៅ តែបែរជាបុរសខាងលើ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនស្លាប់តែម្តង ដោយបន្សល់ទុកបណ្តាំមួយសន្លឹកសរសេរថា « កំហុសអចេតនាខ្ញុំ ពិតជាបង្កើតបញ្ហាឲ្យអ្នករាល់គ្នាធំណាស់ មនុស្សថោកទាបដូចខ្ញុំ គ្មានមុខមាត់ប្រឈមមុខជាមួយអ្នកទាំងអស់គ្នាទៅទៀតទេ សូមលា... »។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា សពពិតជាស្លាប់ដោយសារតែចងកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ