ខេត្តស្វាយរៀង ៖ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង ។
កាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥ នាក់(ជនជាតិ ចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភារ:រួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម(២គីឡូ២៤៥,០៦ក្រាម), ថ្នាំញៀនគ្រាប់ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣៩,០១ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង, អាវុធវែង០១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ០២, អាវុធខ្លី០២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ០៥ បំពង់ពង់ផ្ទប់សម្លេង ០២ដើម , ទូរសព្ទដៃ ៣១គ្រឿង, ឡេបថប ០១ គ្រឿង , លិខិតឆ្លងដែន ១៩ក្បាល, ប្រាក់ដុល្លារ ២០០០$, រថយន្ត ០២គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕