រាជធានីភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ទីលានបាញ់កាំភ្លើងភ្នំពេញយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញនាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំង ការិយាល័យល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ដឹកនាំកម្លាំងជាច្រើននាក់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង០០ នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចទីលានបាញ់កាំភ្លើងភ្នំពេញ ដែលស្ថិតនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ព្រំ ធា ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទីព្រឹក្សាក្រសួងមហាផ្ទៃ ហើយការឆាបឆេះនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ឆេះទីតាំងថ្មប្រក់ស័ង្កសីទំហំ ២៣ម៉ែត្រx ៧៧ម៉ែត្រ ឆេះផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើងទំហំ ១៤ម៉ែត្រx ២៣ម៉ែត្រ អស់មួយផ្នែកខាងក្រោយ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ជុំវិញករណីនេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ១៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥២ រថយន្ត ស្មើរនឹង ២០៨ ម៉ែត្រគូប និងមាន រថយន្តជំនួយអន្តរាគមន៍ ពីខាង រថយន្តអគ្គិភ័យនាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ១៦ ម៉ែត្រគូប, រថយន្តអគ្គិភ័យបញ្ជាការដ្ឋានពិសេសចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ រថយន្ត ស្មើនឹង ១២០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប រហូតរលត់ទៅវិញ នៅវេលាម៉ោង ១រសៀល ថ្ងៃដដែល ៕ អែល មេសា