រាជធានីភ្នំពេញ ៖ បុរសអ្នករត់កង់បីម្នាក់ ទើបតែរត់បានលុយ៥ ម៉ឺនរៀល ស្រាប់តែត្រូវបានជនសង្ស័យ ប្រើល្បិចឲ្យដឹកមកផ្លូវស្ងាត់ រួចក៏ឆក់ទូរសព្ទដៃពីគាត់ អស់ចំនួន២គ្រឿង រត់បាត់ដោយសុវត្ថិភាព នៅក្នុងភូមិព្រៃទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា គាត់ជាអ្នករត់កង់បីពេលយប់ ហើយក៏ជួបជនសង្ស័យ២នាក់ បានប្រើល្បិចហៅកង់បីគាត់ដឹកពីផ្សារដើមគរ ឆ្ពោះទៅផ្សារស្ទឹងមានជ័យ ពេលដឹកមកដល់ផ្លូវស្ងាត់ ក៏ប្រើល្បិចខ្ចីទូរសព្ទគាត់តេ គាត់គិតថា ដូចជាមិនសូវស្រួលក្នុងចិត្ត ក៏ថាឲ្យជិះដោយមិនយកលុយ តែជនសង្ស័យក៏ប្រើល្បិចឆក់យកទូរសព្ទដៃពីដៃគាត់អស់ចំនួន២ គ្រឿងរហូតបានសម្រេច ហើយរត់ចូលទៅក្នុងផ្លូវស្ងាត់បាត់តែម្តង។
ក្រោយពេលកើតហេតុ បុរសកង់បីខាងលើនោះ ក៏បានស្នើសុំឲ្យក្រុមការងារ ជូនទៅប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យទាំង២នាក់នោះយកមកដាក់ទោសទៅតាមច្បាប់ ៕ Mrr Ka