រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Ford RANGER មួយគ្រឿងបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តផ្ទប់ជាប់របាំងថ្ម រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះស្ថិតនៅមុខស្ថានទូតថៃ លើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត Ford RANGER ពណ៌ស 2BW-7809 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង មកដល់មុខក្រសួងមហាផ្ទៃ ក៏បើកបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តផ្ទប់ជាប់របាំងថ្មខូចខាតយ៉ាងដំណំ រួចបើកទៅមុខលែងរួច តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka