រាជធានីភ្នំពេញ ៖ក្រុមចោរ២នាក់ ដែលបា...ញ់ចំលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង នៅសួនវត្តបុទុម ក្នុងប្រតិបត្តិការបង្ក្រាបករណីលួចកាច់កម៉ូតូ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ និងជាក្រុមចោរដែលធ្លាប់ធ្វើសកម្មភាព បានសម្រេចជាច្រើនលើក ក្នុងភូមិសាស្រ្តខណ្ឌទួលគោក, ដូនពេញ, ច្បារអំពៅ និងខណ្ឌចំការមន និងត្រូវសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បង្ក្រាបបានបញ្ជូនទៅតុលាការនោះ ត្រូវបាន លោក ទីវ គឹមពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ និងបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ។
ក្នុងនោះ ជនត្រូវចោទទី១ឈ្មោះ ប្រឹង សំណល់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់កង់បី ទីកន្លែងកំណើតឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ពីមុនធ្លាប់ជាប់ពន្ធនាគារ ៣លើក) ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ បានឃើញដីការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៨២៧១ (យ)ដពស ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទនេះ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
ដោយឡែកជនត្រូវចោទទី២ ឈ្មោះ អួន សារឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិដូនទង់ ឃុំប្រាសាទ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីកន្លែងខាងលើ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ និងបទ ប៉ុនប៉ងមនុស្សឃាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ១២៥ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ បានឃើញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៨២៧០ (យ)ដពស ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២៩២៣ បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទនេះ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។
សូមរំលឹកថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់ករម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធខ្លីមួយដើម។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្រ្តខាងលើ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០និង ១០នាទី កម្លាំងជំនាញយើងបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភ្លាមនោះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចបណ្តាលឲ្យ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន២នាក់ ខាងលើ និងដកហូតវត្ថុតាងរួមមាន ៖
១.អាវុធម៉ាក LLama Max-II ១ដើម
២.ម៉ូតូម៉ាក Click ពណ៌ស ១គ្រឿង ស្លាកលេខ ព្រៃវែង 1X-4127 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)
៣.ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JX-9143 (ម៉ូតជនរងគ្រោះ)
៤.ដែកអក្សរតេ ចំនួន ០១
៥.ដែកសំប៉ែតកាច់ករម៉ូតូ ចំនួន ០៤
៦.កូនសោមួយចំនួន
៧.ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក។
ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧ ព្រឹក ពួកខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ។ រហូតដល់វេលាម៉ោងប្រហែល ១៦និង៣០នាទី ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូងបានឃើញម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាង ហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់ករបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ។ពេលលក់បានហើយពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ២០ ពេលមកដល់ម្ដុំសួនច្បារវត្តបទុមក៏បានឃើញម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់ រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ។
ពេលកំពុងធ្វើសកម្មភាពកាច់ករបានសម្រេចហើយបំរុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ច ទៅដល់ហើយពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ ចំពោះអាវុធខ្លីគឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់កម៉ូតូជាមួយគ្នា ហើយឈ្មោះ ពៅ នេះគឺត្រូវបានប៉ូលីសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ។
ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់នៅខេត្តតាកែវ៕ នុច