រាជធានីភ្នំពេញ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋ នៅផ្សារពោធិ៍ចិនតុង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្សារពោធិ៍ចិនតុងភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកើតហេតុខាងលើធ្វើការ ចេញជួយអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលបន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឆេះ មានឈ្មោះ ជា ឃីម ភេទ ស្រី អាយុ ៥០ឆ្នាំ មុខរបរ: អាជីវករ ខណៈមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនិងបានឆេះប្រភេទ ដែកប្រក់ស័ង្កសី ទំហំ ៦៦២៤ម៉ែត្រការ៉េ ឆេះតូចក្នុងផ្សារ ទំហំ ១,៥០ ម៉ែត្រx ១,៥០ម៉ែត្រ ចំនួន ០៣តូប ។
ភ្លាមៗរថយន្តការិ.អគ្គិភ័យ ចំនួន ១៥គ្រឿងបានចុះមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើរនឹង ២៦ម៉ែត្រគូប និងមាន រថយន្តជំនួយអន្តរាគមន៍ពីខាង រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជាចំនួន ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ទើបរលត់ទៅវិញ នៅម៉ោង ១២នឹង២០នាទីថ្ងៃត្រង់ នាថ្ងៃខែ ឆ្នាំដដែល ៕ មេសា