ជនសង្ស័យម្នាក់ដែលប្រើកាំ....ភ្លើ...ងខ្លី បា....ញ់ទៅលើជនរងគ្រោះជាមិត្ភក្ដិ០៣គ្រា...ប់ ត្រូវសមត្ថកិច្ចចាប់បានហើយ!
សន្តិសុខសង្គម
297

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាជនដៃដល់បានប្រើអាវុធខ្លី(មិនចាំម៉ាក)​ បាញ់ទៅលើជនរងគ្រោះជាមិត្ភក្ដិចំនួន ០៣គ្រាប់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ០៣​ និង០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ WEI GUANGSHAN​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ ជនជាតិ​ចិន​ (ជនដៃដល់)​។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ យ៉ាងយកចិត្តទុកដាក់ ។

ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ ស​ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន​ អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ លោកវរសេនីយ៍ឯក​ ហែម​ បូណា អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់កំណត់បានទីតាំងលាក់របស់ជនសង្ស័យ ។

ក្រោយ​ពីសាកសួរជនសង្ស័យបានសារភាពថា​ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង ៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាសអាវុធខ្លី(មិនចាំម៉ាក)​ បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់ពិតប្រាកដមែន ។ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា) ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនិតិវិធីបន្ត និងកំពុងបន្តស្វែងរកវត្ថុតាំង(អាវុធខ្លី) ៕


Telegram