អគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
សន្តិសុខសង្គម
232

រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង​យ៉ាង​សន្ធោសន្ធៅ​ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង​ នៅវេលាម៉ោង​ ៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ១៧៦ ផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ​ 666​ ថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែងនៅខណ្ឌសែនសុខ ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកើតហេតុខាងលើ ធ្វើការចេញជួយអ​ន្តរាគមន៍​ ដើម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបន្តថា​ ចំពោះកិច្ចប្រតិបត្តិការខាងលើនេះ​ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។ ចំពោះប្រភេទសំណង់ខាងលើនេះ​ គឺជា​ ថ្មបេតុង ទំហំ​ (៤០ម៉ែត្រ​ x ៤០ម៉ែត្រ​)​ ក្នុងនោះបណ្តាលឲ្យឆេះបន្ទប់ស្តុកសម្ភារៈ ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) ចំនួន០១បន្ទប់ រួមទាំងឆេះសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក​ ករណីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរបស់យើង​ ធ្វើការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៥និង០០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ​ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕


Telegram