រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែងនៅខណ្ឌព្រែកព្នៅ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកើតហេតុខាងលើ ធ្វើការចេញជួយអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ចំពោះកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន សូគីមិច ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលើនេះ គឺជា ថ្មបេតុង ទំហំ (៤ម៉ែត្រ x ៩ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះបន្ទប់ ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានគ្រែចំនួន០១, ទូចំនួន០១, ពូកចំនួន០១ និងសម្ភារៈមួយចំនួនទៀត និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ដោយឡែក ករណីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរបស់យើង ធ្វើការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង០០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែរ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕