រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូដើរលួចម៉ូទ័រទឹកប្រជាពលរដ្ឋក្នុងបុរី ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បង្ក្រាបបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង៥០នាទី ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ភី សុភ័ក្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងនោះវត្ថុតាងចាប់យក៖ ១/ម៉ូទ័របូមទឹក ពណ៌ខ្មៅ ចំនួន០១ ,២ម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HZ-9710 លេខតួនិងលេខម៉ាស៊ីន៨១៧៤៤៤១ ចំនួន០១គ្រឿង។
មុនពេលកើតហេតុ កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ស៊ុន មាលីស ភេទស្រី អាយុ៣២ឆ្នាំ បានទៅដើរលេងតាមខេត្ត ហើយបានទុកផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ (ត្រូវជាបងស្រីបង្កើត) ជួយចាំមើលឲ្យ ។ រហូតដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០និង២០នាទី ជនរងគ្រោះឈ្មោះ ស៊ុន មាលីស បាន បើកកាមេរ៉ាសុវត្ថិភាពនៅផ្ទះខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូទ័របូមទឹក រួចជនរងគ្រោះ ក៏បានទូរស័ព្ទប្រាប់ឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា (ត្រូវជាបងស្រីបង្កើត) ចេញមកមើល ។ ពេលឈ្មោះ ស៊ុន ចាន់ ស៊ីប៉ូឡា ចេញមកខាងក្រៅផ្ទះមិនឃើញជនសង្ស័យទេ ហើយក៏បាត់ម៉ូទ័របូមទឹកដែរ រួចឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ក៏បាន ទូរស័ព្ទ ទៅជនរងគ្រោះវិញ ហើយជនរងគ្រោះក៏បានប្រាប់ថាជនសង្ស័យបានលួចយកម៉ូទ័របូមទឹក រួចជិះម៉ូតូរត់គេចខ្លួន បាត់ហើយ។
រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៤០នាទី ជនសង្ស័យបានមកធ្វើសកម្មភាពលួចម្តងទៀត ហើយក៏ត្រូវសន្តិសុខ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ឃាត់ខ្លួនបានត្រង់ចំណុចផ្លូវបេ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចយក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចក៏បានឲ្យជនរងគ្រោះមកមើលមុខជនសង្ស័យ រួចជនរងគ្រោះក៏បានប្រាប់ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា (ត្រូវជាបងស្រីបង្កើត) មកជំនួស ដោយសារខ្លួននៅឯខេត្ត ពេលឈ្មោះស៊ុន ចាន់ស៊ីប៉ូឡាមកមើលឃើញថាពិតជាជនសង្ស័យដែលបាន លួចម៉ូទ័របូមទឹករបស់ពួកគាត់ប្រាកដមែន ទើបឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បី សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ជនសង្ស័យបាន ឆ្លើយសារភាពថាបានលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះពិតមែន ៕ អែល វិចិត្រ