រថយន្តឡង់គ្រីស័រ បុករបាំងថ្មចែកទ្រូងផ្លូវ រួចរេចង្កូតទៅបុករបង រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រ បុករបាំងថ្មចែកទ្រូងផ្លូវ រួចរេចង្កូតទៅបុករបង បណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ឡង់គ្រីស័រ ពាក់ស្លាកលេខបាត់ដំបង 2A-3435 តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង មកដល់កន្លែងកើតហេតុ ក៏បើកបុករបាំងថ្មចែកទ្រូងផ្លូវរួចរេចង្កូតទៅបុករបង បណ្ដាលរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka