រាជធានីភ្នំពេញ ៖ នារីជាកម្មការនីរោងចក្រម្នាក់ ជិះម៉ូតូ ចេញពីធ្វើការ រៀបនឹងឆ្លងផ្លូវ ត្រូវបានរថយន្ត COROLA បើកក្នុងល្បឿនលឿនជ្រុលបុក បណ្តាលឱ្យខ្ទាតធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូនិងមនុស្សចូលក្នុងទឹក សំណាងល្អរងរបួសស្រាល។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះមានឈ្មោះ ទេព ទូច អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូ ហុងដាឌ្រីម ចេញពីរោងចក្រក្បែរនោះ នៅលើផ្លូវដីមាត់ប្រឡាយ រៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែរថយន្តបង្កម៉ាក COROLA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2144 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុក រុញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ធ្លាក់ទាំងមនុស្ស សំណាងល្អនារីរងគ្រោះរបួសស្រាល ភ្លាមៗអ្នកបើករថយន្តបាននៅទីតាំងកើតហេតុដែរ តែគ្រាន់តែភ្លេចខ្លួនមួយភ្លែត គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការការវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល រង់ចាំដោះស្រាយគ្នាតាមពេលក្រោយ ៕ មេសា