សមត្ថកិច្ចបញ្ជាក់លម្អិត ជុំវិញករណីស្ត្រីម្នាក់ បង្ហោះសុំយុត្តិធម៌ ខណៈត្រូវបានគេដុតបំផ្លាញស្រូវឆេះខ្ទេច!
សន្តិសុខសង្គម
202

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺព័ត៌មាន៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhay Srey Oun បានផុសនូវវីដេអូរ អមខ្លឹមសារថា សូមថ្នាក់លើជួយពិនិត្យ និងរកយុត្តិធម៌ជូនក្រុមគ្រួសារនាងខ្ញុំផង សូមបងប្អូនជួយស៊ែរបានដល់ថ្នាក់លើ និងថ្នាក់ដឹកនាំបានឃើញផង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ដែលវីដេអូរ មានបង្ហាញអំពីករណីភ្លើងឆេះគំនរស្រូវ(ត្រូវគេដុត) ដែលបានច្រូតរួច។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ ធ្វើការស្រាវជា្រវដើម្បីឆ្លើយតបជូនមហាជន។

តាមរយៈការចុះស្រាវជ្រាវ ករណីខាងលើកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ស្រូវដែលបានឆេះ ជារបស់ឈ្មោះ យន ឡាច ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ (ដើមបណ្តឹង) ជនសង្ស័យមានឈ្មោះ កង មុត ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ មុខរបរអ្នកទិញស្រូវ ។

សូមបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាអង្គភាពសារព័ត៌មាននានា ដែលបានចែកចាយនូវខ្លឹមសារខាងលើឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុ ម្ចាស់ស្រូវជាជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាននគរបាលស្រុកគិរីវង់នោះទេ គឺបានប្តឹងទៅរដ្ឋបាលឃុំគោកព្រេច ដើម្បីសម្របសម្រួលដោយមានទាំងតំណាងរដ្ឋបាលស្រុកចូលរួមផង តែជាលទ្ធផល ក្រោយពីសម្រួលគ្នាចំនួន០៣លើក គឺមិនត្រូវរ៉ូវគ្នានោះឡើយ និងបានបន្តប្តឹងទៅសាលាដំបូងខេត្តតាកែវ ។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សាលាដំបូងខេត្តតាកែវ ក៏បានចេញដីកាកោះ ឱ្យភាគីទាំង០២ ចូលទៅបំភ្លឺ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ ចំពោះមូលហេតុគឺភាគីឈ្មោះ កង មុត បានដុតចំបើងរាលដាលឆេះស្រូវឈ្មោះ យន ឡាច ។

ក្នុងន័យនេះ ដំណើរការ នៃការកសាងសំណុំរឿង បាននឹងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយ ដែលផ្ទុយពីខ្លឹមសាររបស់ម្ចាស់គណនី Chhay srey oun ដែលតែងតែផុសលើបណ្តាញសង្គម(Facebook , Tiktok )ថាគ្មានយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្លួន។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា ជៀសវាងការរិះគន់ ឬផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សិទ្ធសេរីភាពឯកជន អាចប្រឈមមុខផ្លូវច្បាប់ និងដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!


Telegram