រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនបរទេសចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនជាង ១.៥តោន។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៣៖១៥នាទីទៀបភ្លឺ ដោយកម្លាំងជំនាញ (ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី, វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ, វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) វរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន និងវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ (ក៥) សហការជាមួយកម្លាំងនៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅទីតាំង៣កន្លែងផ្សេងៗគ្នា ទី១៖កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បុរីមួយកន្លែង ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ១.ឈ្មោះ LI TSUNG HSIEN ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើតថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៤, ២.ឈ្មោះ HUNG HSIEN FU ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើតថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤, ៣.ឈ្មោះ LIM WEI MINH ភេទប្រុស ជនជាតិសិង្ហបុរី កើតថ្ងៃទី ១៩ ខែមីនា ឆ្នាំ១៩៦៥, ៤.ឈ្មោះ SHI YUANYA ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩ និង៥.ឈ្មោះ HUANG XIAOYU ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៨៩។
សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ ១-គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើទម្ងន់ ៩៨០ គីឡូក្រាម និង៨០០ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីន (ICE) ៥៣៤ដុំ ស្មើទម្ងន់ ៥៣២ គីឡូក្រាម និង៦០៩.៦០ក្រាម។ សរុបគ្រឿងញៀនចំនួន ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គីឡូក្រាម និង ៤០៩.៦០ក្រាម, ទូកនេសាទចំនួន ២គ្រឿង, រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៨គ្រឿង
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងព្រះសីហនុ តាមនីតិវិធី៕