ជនជាតិចិនម្នាក់ បើករថយន្ត Porsche បុករះម៉ូតូកង់បីឥណ្ឌា ផ្ទប់នឹងរថយន្តផ្សេងទៀត របួសធ្ងន់ស្រាល៣នាក់ មិនស្តាប់សមត្ថកិច្ចច្រង៉េងច្រង៉ាង ចង់តដៃ ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅប៉ុស្តិ៍......
សន្តិសុខសង្គម
189

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត Porsche ឡើងវ៉ាជែងចូលគន្លងបញ្ច្រាសទិសចរាចរណ៍ ជ្រុលទៅបុកកង់បីឥណ្ឌា ខណៈរថយន្តមួយគ្រឿងទៀតជាន់ហ្រ្វាំងមិនទាន់ បុកកង់បីឥណ្ឌា ផ្ទប់ពីក្រោយ បណ្តាលអោយ រថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកជិះក្នុងកង់បីឥណ្ឌា របួសធ្ងន់ស្រាល៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០២ និង ១៥នាទីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងមុខ ក្រសួងអធិការកិច្ច ស្ថិតនៅលើបណ្តោយផ្លូវ ២៣៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពី សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1069 បើកដោយជនជាតិចិន ទិសដៅពីលិច មក កើត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានឡើងវ៉ាជែងចូលគន្លងបញ្ច្រាសទិស ជ្រុលទៅបុកកង់បីឥណ្ឌា ទិសដៅពីកើត មកលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈរថយន្តមួយគ្រឿងទៀត ម៉ាក Honda CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2163 ជាន់ហ្រ្វាំងមិនទាន់ បុកកង់បីឥណ្ឌា ផ្ទប់ពីក្រោយ បណ្តាលអោយ រថយន្តរងការខូចខាត ចំណែកមនុស្សស្រី០២នាក់ ដែលជិះកង់បីឥណ្ឌារងបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ភ្លាមៗ សមត្ថកិច្ចបាននាំអ្នកបើកបរ មកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ប៉ុន្តែអ្នកបើកបររថយន្តមិនព្រមសហការ ចេញកាយវិការច្រង៉េងច្រង៉ាង ចង់តដៃជាមួយសមត្ថកិច្ចទៀត ទើបសមត្ថកិច្ចសម្រេចវាយខ្នោះ បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លបាសាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញខណ្ឌចំការមន បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿង និង កង់បីឥណ្ឌា យកទៅរក្សាទុករងចាំដោះស្រាយ តាមនីតិវិធីច្បាប់ ៕ អែល មេសា


Telegram