ករណីយុវជន០៥នាក់ អះអាងថាមានសមត្ថកិច្ចពាក់ឯកសណ្ឋាន ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ ឯកឧត្តម ជួន ណារិន្ទ បញ្ជាឲ្យកម្លាំងស្រាវជ្រាវជាបន្ទាន់
សន្តិសុខសង្គម
879

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជូនសាធារណៈជន៖ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង

ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមបែបនោះ។

នៅយប់ថ្ងៃដដែលសមត្ថកិច្ចបានកោះហៅយុវជនទាំង០៥នាក់មកសួរនាំបំភ្លឺ។

ក្រោយពីបំភ្លឺរួចយុវជនទាំង០៥នាក់បានប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ចខាងណានោះឡើយ។

ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការណ៍ច្បាប់៕


Telegram