រាជធានីភ្នំពេញ ៖ ក្លឹបN8 KTV អតីតក្លឹប N8 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅជាលើកទី៣ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញ ចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជាប់ផ្លូវសម្តេចមុនីរ៉េត កែងផ្លូវលេខ ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ អ៊ុំ ណាគ្រី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (តំណាងម្ចាស់ទីតាំង) មុខរបរយោធា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងខាងលើនេះបានផ្អាកដំណើរការជាយូរមកហើយ។ លុះពេលកើតហេតុមានប្រជាពលរដ្ឋឃើញផ្សែងហុយចេញពីទីតាំងនេះ ក៏រាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឱ្យជួយចុះធ្វើអន្តរាគមន៍ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់ ។
ជុំវិញករណីអគ្គិភ័យនេះ គឺបានឆេះទីតាំងប្រភេទសំណង់ថ្មបេតុង ទំហំ ២០ម៉ែត្រ x២៥ម៉ែត្រ ខូចខាតស្ទើរទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ និងបានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ច្រឹង វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ ដែលជាកម្លាំងជំនួយស្ម័គ្រចិត្តរងរបួសស្រាល។
ក្នុងនោះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើរនឹង ៤៤០ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ដូចជា ៖ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យាចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពជាចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប សរុបប្រើប្រាស់ទឹកអស់ ១១៨ឡាន ទើបរលត់ទៅវិញនៅម៉ោង ០៦ព្រឹកថ្ងៃដដែល ខណៈចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕