រាជធានីភ្នំពេញ ៖ កម្មករប្រហិតម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹង យ៉ាងអាណោចអាធ័ម ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះមកធ្វើការពិនិត្យ និងធ្វើកោលស្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចសិប្បកម្មធ្វើប្រហិតផ្ទះលេខ២២៦ ផ្លូវលំ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាំ.ចាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករប្រហិត ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ស្នាក់នៅសិប្បកម្មកើតហេតុខាងលើ។
យោងតាមការបំភ្លឺរបស់ឈ្មោះ យ៉ាត់ វាសនា ភេទ ប្រុស អ្នកមើលការខុសត្រូវឃ្លាំងខាងលើបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះ បានមកធ្វើការជាកម្មករប្រហិត ស្នាក់នៅហូបចុក ជាមួយខ្លួនក្នុង១ខែ ៧០ម៉ឺនរៀល។ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦យប់ ខ្លួននិងកម្មករ៤នាក់ទៀត ដោយមានជនរងគ្រោះ ទៅជាមួយផងដែរ នាំគ្នាទៅផឹកស្រាបៀរនៅវាលខ្សាច់បឹងព្រលិត ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ផឹកអស់ស្រាបៀរប្រហែល១កេះ រហូតដល់ម៉ោង ៩យប់ នាំគ្នាមកសម្រាកនៅកន្លែងរៀងៗខ្លួនក្នុងអង្រឹងកន្លែងធ្វើការ ។លុះព្រឹកឡើងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០ នាទី ខ្លួនបានដើរទៅដាស់ជនរងគ្រោះ ឲ្យងើបឡើងធ្វើការ ពេលស្ទាបដាស់ស្រាប់តែ ខ្លួនប្រាណ មានសភាពរឹង អត់ដង្ហើម មិនដឹងស្លាប់ពីពេលណាឡើយ រួចគាត់រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ មានទាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ និងនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសពនៅទីតាំងកើតហេតុដោយនៅក្នុងអង្រឹងខាងលើគ្រែ ក្នុងសិប្បកម្ម ឃើញមានសាកសពជនរងគ្រោះដេកស្លាប់ផ្ងារ ក្បាលមកជើង ជើងទាំងពីរបត់អង្កុញ ដៃឆ្វេងបត់ដាក់លើទ្រូង ដៃស្តាំដាក់ស្របដងខ្លួន ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី សាកសពមានសភាពទន់ ពុំមានស្លាកស្នាមអ្វីទេ។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបាន ស្លាប់ដោយសារ គាំងបេះដូង បណ្តាលមកពីជម្ងឺបេះដូង។ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា