មុខសញ្ញា ដេញកា..ប់ប្ល..ន់យកម៉ូតូ ចំនួន២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងកំពុងតាមចាប់បក្ខពួកដែលរត់គេចខ្លួន
សន្តិសុខសង្គម
164

ខេត្តតាកែវ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១២និង ៣០ នាទីរំលងអាធ្រាត មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ដេញកាប់ប្លន់យកម៉ូតូ) កើតឡើងត្រង់ចំណុចវត្តអូព័ទ្ធ ស្ថិតនៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០២គ្រឿង បានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃដេញកាប់ប្លន់យកម៉ូតូធុនហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-3123 របស់ជនរងគ្រោះឈ្មោះ តឺ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ខណៈពេលជនរងគ្រោះកំពុងជិះធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ពីចំណុចមុខការ៉ាស់សាំងភីធីធី ខាងត្បូងផ្សារសំរោងយ៉ោង ជនរងគ្រោះព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែក្រុមជនសង្ស័យនៅតែបន្តដេញតាមរហូតដល់ចំណុចវត្តអូព័ទ្ធ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះអស់សាំងក៏សម្រេចចិត្តជិះចូលក្នុងវត្តដោយបានចាក់សោរកទុកក្នុងវត្ត ខណៈនោះក្រុមជនសង្ស័យបានជិះតាមមកទាន់ពីក្រោយនិងបានដេញកាប់ទៅលើជនរងគ្រោះរត់ចោលម៉ូតូទៅ ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង ០៤នាក់បានកាច់បំបាក់់សោរកម៉ូតូ យករត់គេចខ្លួនដោយសុវត្ថិភាពតែម្តង ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាភ្លាមៗ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រហូតដល់ វេលាម៉ោង ១០ និង ០០ នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ តាមឃាត់ខ្លួនបានជនសង្ស័យទី១ ឈ្មោះ ផន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

បន្ទាប់ពីសាកសួរ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ទី២/.ឈ្មោះ សយ សាទៀង ហៅទៀង ភេទប្រុស អាយុ ២៦ឆ្នាំ នៅត្រង់ភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាងម៉ូតូធុនស៊ុយស៊ូគី លែត សេរីឆ្នាំ២០១៥ ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-5977 (ម៉ូតូជិះធ្វើសកម្មភាព) ។ រីឯបក្ខពួកចំនួន០២នាក់ទៀត កំពុងរត់គេចខ្លួន។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យយកមកផ្លុងចោលនៅលើចិញ្ចើមផ្លូវលំខាងលិចកន្លែងកើតហេតុប្រហែល ១០០០ម៉ែត្រ ។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូជនរងគ្រោះ បានប្រគល់ ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕


Telegram