រាជធានីភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះរបស់និស្សិតដែលស្នាក់នៅ ចូលលួចម៉ូតូ២គ្រឿងបានសម្រេច រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៤ និង២០ ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ ស៊ឹម សុវណ្ណរ៉ា ភេទប្រុស ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបាត់ម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៥ ដែលពាក់ស្លាកលេខភ្នំពេញ 1GV 0429 ។ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ផុនសុធារ៉ា ភេទប្រុស ស្នាក់នៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បាត់ម៉ូតូសង់សេ១២៤ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ដែលពាក់ស្លាកលេខភ្នំពេញ 1KO 1713 សូមបញ្ជាក់ថា សម្រាប់ម៉ូតូស៊េរីឆ្នាំ២០២៤នេះ បានរកឃើញវិញ នៅផ្លូវបេតុងទួលសង្កែ ដែលជនសង្ស័យយកទៅផ្លុងចោលនៅជិតផ្ទះប្រជាពលរដ្ឋ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានបញ្ជាក់មកកាន់ក្រុមការងារTVFB បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានចេញពីរៀន និងធ្វើការរៀងខ្លួន ហើយត្រលប់មកផ្ទះ រួចចាក់សោរផ្ទះដូចរាល់ដង ស្រាប់តែព្រឹកទ្បើងពួកគាត់បានចេញពីបន្ទប់ស្នាក់នៅ ក៏បាត់ម៉ូតូទាំង២គ្រឿងតែម្តង ទើបផ្អើលឆោឡោឡើង រួចក៏សុំកាមេរ៉ាអ្នកជិតខាងមើល ក៏ឃើញជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព គាស់ផ្ទះចូលលួចម៉ូតូ យកទៅបាត់ដោយសុវត្ថិភាពទាំង២គ្រឿងតែម្តង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់នោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទួលសង្កែ១ ដើម្បីអោយសមត្ថកិច្ចស្វែងរកជនសង្ស័យទាំងនោះដើម្បីចាត់ការតាមនីតិច្បាប់ ។ តែអ្វីដែលសំណាងនោះ ជនរងគ្រោះម្នាក់ក្នុងចំណោមនោះ បានដើររកម៉ូតូរបស់ខ្លួនម៉ាកសង់C១២៤ ស៊ែរីឆ្នាំ២០២៤ ពណ៌ខ្មៅ ដែលមានភ្ជាប់GPS នៅផ្លូវបេតុង ម្ដុំទួលសង្កែ ដែលត្រូវបានក្រុមចោរយកទៅផ្លុងចោលនៅទៅនោះទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។ ចំណែកម៉ូតូម៉ូតូគ្រឿងគឺរកមិនឃើញទេ ៕ អែល មេសា