មហាជនសាទរ! ឯកឧត្តម ជួនណារិន្ទ បញ្ជារឲ្យសមត្ថកិច្ចទាំង១៤ខណ្ឌ ចាត់វិធានការចំពោះអ្នកបំពាក់ភ្លើងហ្វា និងកែច្នៃអំពូលភ្លើងខុសបច្ចេកទេស ខណៈមួយរយៈនេះ ទាំងរថយន្ត ទាំងកង់បីមួយចំនួន ដាក់ហ្វារចាំងភ្នែកណាស់ ថែមទាំងអាចបង្ករគ្រោះថ្នាក់ជាយថាហេតុទៀត!
សន្តិសុខសង្គម
420

រាជធានីភ្នំពេញ​៖ កន្លងមក និងជារឿយៗ ខណៈពេលធ្វើដំណើរតាមផ្លូវ ប្រាកដណាស់បានធ្លាប់ជួបហើយ ទាក់ទងរឿងកង់បី ឬ រថយន្តមួយចំនួនតូច ដែលចូលចិត្តលេងភ្លើងហ្វា ចាំងភ្នែកគេឯង ពិបាកមើលឃើញយ៉ាងខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណឹងទេ កង់បីខ្លះទៀត ថែមទាំងលេងភ្លើងហ្វាញាក់ៗទៀត ដោយមិនខ្វល់ពីអារម្មណ៍អ្នកដ៍ទៃសោះឡើយ (នេះនិយាយចំពោះតែបុគ្គលមួយចំនួនដែលដាក់ហ្វារតែប៉ុណ្ណោះ ) ។

តួយ៉ាងបញ្ហានេះ កន្លងមក សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានអនុវត្តវិធានការរួចមកហើយ តែក្រោយមកក៏ស្ងាត់ទៅវិញ ហើយក៏ឃើញការលេងភ្លើងហ្វា កាន់តែច្រើន ជាពិសេសក្នុងទីប្រជុំជន ក្នុងក្រុងទៀត មិនគួរបើកភ្លើងហ្វានោះទេ ចាំងភ្នែកមើលផ្លូវមិនឃើញ បានបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកដ៏ទៃ ។

ជាក់ស្តែង នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌច្បារអំពៅ បានធ្វើការឃាត់រថយន្តដែលបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០១គ្រឿង ។

ការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស នេះ គឺអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត។

ក្នុងករណីនេះដែរ ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដ៍ទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕


Telegram