រាជធានីភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយ ពាក់ព័ន្ធនឹងគ្រូបារមី ដែលត្រូវបានមហាជនរិះគន់ជាច្រើនលើសលុប និងស្នើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយចាត់វិការ ដើម្បីកុំឲ្យប៉ះពាល់ដល់ វប្បធម៌ សាសនា ដ៏ផូផង់ តែគ្រូបារមីទាំងនេះ មើលទៅនៅតែផ្គើន មិនផ្លាស់ប្តូរឥរិយាបថទង្វើ របស់ខ្លួនដដែល ហើយនេះជាលើកទី២ហើយ ចាំមើលថាតើ គ្រូបារមី ៧ភាសានេះ កែឥរិយាបថដែលខ្លួនប្រព្រឹត្តខុសនេះដែរឬក៏អត់ ហើយប្រសិនជាមិនកែ នៅដដែលៗទៀត មហាជននឹងរង់ចាំមើលវិធានការរបស់ក្រសួងពាក់ព័ន្ធ បន្តទៀត តើនឹងចាត់ការបុគ្គលនេះដោយរបៀបណា ឬក៏ធ្វើកិច្ចសន្យារហូត? ។
សូមបញ្ជាក់ថា យោងតាមផេកផ្លូវការរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា« ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក ស៊ីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនាបញ្ឈប់បង្ហោះវីដអូពីការទស្សទាយរបស់ខ្លួននៅលើបណ្តាញសង្គម។ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ផងដែរ »។
ដោយឡែក យោងតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានបង្ហោះទាំងស្រុងថា «កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក ញ៉ឹប សុភិន ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន» ៕