រថយន្តអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវសមត្ថកិច្ចឃាត់ឲ្យម្ចាស់ដោះចេញ និងធ្វើកិច្ចសន្យាបញ្ឈប់
រាជធានីភ្នំពេញ៖ កម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌច្បារអំពៅ បានធ្វើការឃាត់រថយន្តដែលបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០១គ្រឿង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕