មកលក់កន្លែងគេធ្លាប់លក់រាល់ថ្ងៃ គ្រាន់តែគេដេញឲ្យខិតបន្តិចគេចូលលក់ដែរសោះ ខឹ...ងចិត្តទៅវិញទាញកាំបិតបុង័តោ ស្ទាក់កា...ប់ចំក២កន្លែង របួ...សធ្ង...ន់ខ្លាំង ត្រូវសមត្ថកិច្ចចា..ប់ខ្លួន!
សន្តិសុខសង្គម
416

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយផ្ទុះហិង្សា ទាញកាំបិតបុង័តោ កាប់ទៅលើបុរសវ័យចំណាស់ម្នាក់ ចំក ចំនួន២កន្លែង របួសធ្ងន់ណាស់ដេរជិត២០ថ្នេរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចលើផ្លូវបេតុង៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ិន ហាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ភឿន ភ័ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។

ក្នុងនោះ វត្ថុតាងចាប់យក៖ ១/កាំបិតប៉័ងតោ ពណ៌ស ប្រវែង២៦សង់ទីម៉ែត្រ ចំនួន០១ ,២/ម៉ូតូរម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1H-6377 (ម៉ូតូចាស់) ,៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូរម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CN-6029 (ម៉ូតូចាស់) ឌុបប្រពន្ទឈ្មោះ ស៊ិន សំអូន អាយុ៥៤ឆ្នាំ ចេញពីផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅកន្លែងលក់ភេសជ្ជ: នៅខាងមុខរោងចក្រកាត់ដេរ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពេលជនរងគ្រោះទៅដល់ក៏បានឃើញជនសង្ស័យ កំពុងលក់ដូរភេសជ្ជ:នៅលើម៉ូតូរម៉កកង់បីម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1H-6377 (ម៉ូតូចាស់)នៅកន្លែងលក់ដូរជនរងគ្រោះ ហើយជនរងគ្រោះក៏បានដើរទៅប្រាប់ឲ្យជនសង្ស័យខិតចេញបន្តិចព្រោះ

ជនរងគ្រោះចូលលក់ដែរ តែជនសង្ស័យមិនព្រមចេញ រួចនិយាយថា សុំលក់នៅកន្លែងនឹងដែរ ថែមទាំងប្រើកាយវិការច្រង៉េងច្រង៉ាងទៀតផង។

បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់មកកន្លែងម៉ូតូរម៉កកង់បីខាងលើលក់ដូរដូចធម្មតាវិញ ។ រហូត ដល់វេលាម៉ោង១៨និង២០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះនិងប្រពន្ទក៏បានជិះម៉ូតូរម៉កកង់បីម៉ាកខាងលើ ត្រឡប់ទៅផ្ទះ វិញតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិខាងលើ បានចម្ងាយប្រហែល២០០ម៉ែត្រ ប្រពន្ធជនរងគ្រោះក៏បានឲ្យជនរងគ្រោះឈប់ម៉ូតូ រួចចុះទៅបត់ជើងតូច ស្រាប់តែជនសង្ស័យ ជិះម៉ូតូរម៉កកង់បីមកពីក្រោយ រួចស្រែកសួរជនរងគ្រោះថា គ្រាន់តែអញលក់ដូរកន្លែងនៅនឹងផងមិនបាន! ដេញអញឲ្យខិតចេញ! និយាយរួចក៏កាំបិតប៉័ងតោ ពណ៌ស ប្រវែង២៦សង់ទីម៉ែត្រ កាប់មកលើជនរងគ្រោះចំនួន០២កាំបិត ១កាំបិតចំគល់ករខាងស្តាំ ១កាំបិតទៀតចំដៃ ខាងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយជិះម៉ូតូគេចខ្លួន ។

បន្ទាប់មកប្រពន្ធជនរងគ្រោះក៏បានស្រែកឲ្យគេជួយ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជិះម៉ូតូល្បាតក្បែរ កន្លែងកើតហេតុ ក៏បានជួយអន្តរាគមន៍ ដេញតាមឃាត់ខ្លួនជនស្ស័យខាងលើបាន ត្រង់ចំណុចផ្លូវ បេតុង៥០ម៉ែត្រ ស្ថិត នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុងតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមផ្លូវច្បាប់ រួចក៏បានយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យេឯកជន ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរបួសចំគល់ករខាងស្តាំប្រវែង០៨សង់ទីម៉ែត្រ ដេរចំនួន១២ថ្នេរ និង របួសចំដៃខាងស្តាំ ប្រវែង៤សង់ទីម៉ែត្រ ដេរចំនួន៥ថ្នេរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានយកកាំបិតប៉័ងតោ ពណ៌ស ប្រវែង២៦សង់ទីម៉ែត្រ កាប់ជនរងគ្រោះ ប្រាកដមែន ទើបប្រពន្ធរបស់ជនរងគ្រោះ តំណាងឱ្យជនរងគ្រោះក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram