ជនជាតិចិន ដែលបើករថយន្តបុករះទាំងថ្ងៃ មានអ្នករបួស ក្រោមឥទ្ធិពលសារធាតុញៀនក្នុងខណ្ឌចំការមន ត្រូវបានបណ្តេញចេញពីកម្ពុជា
សន្តិសុខសង្គម
220

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបជាព័ត៌មាន៖ ដោយបានអនុញ្ញាតពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបំពេញឯកសារចំពោះជនជាតិចិនឈ្មោះ Chen Zhenwei ភេទប្រុស អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែន EH៧៧៨៧១៥៤ ដើម្បីសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការ សម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានេះ បន្ទាប់ពីជនជាតិចិនរូបនេះ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដ៍ទៃរងរបួស និងបើកបរក្រោមឥទ្ធិពលសារធាតុញៀននៅក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ចក៏បានបន្ថែមទៀតថា ការសុំគោលការណ៍បណ្តេញចេញជនជាតិខាងលើ ក្រោយពីសមត្ថកិច្ចបានបញ្ជូនអនុវត្តតាមនីតិវិធីរបស់តុលាការ រួចហើយផងដែរ៕


Telegram