ខេត្តកណ្តាល ៖ កន្លងទៅ មានការភ្ញាក់ផ្អើល ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសព ស្ត្រីមានផ្ទៃពោះ៥ខែ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងសភាព ននោលគោក និងត្រូវបានដុត តែឆេះមិនអស់ កាលពីវេលាម៉ោង ៦និង ៤០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈថ្ងៃកើតហេតុ នៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចតែមួយ ។
ក្រោយមានករណីនេះកើតឡើង សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតចាប់ខ្លួនបានជនសង្ស័យជាជនដៃដល់ ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល ឆេះប្រហែល៧០%។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1Kl-2859 ពណ៌ទឹកប៊ិចលាយស (ជារបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 6 (ជារបស់ជនរងគ្រោះ)។
ចំណែកវត្ថុតាងចាប់យករួមមាន៖
-ទូរសព្ទ័០៣គ្រឿងម៉ាក ណូគាចុចពិល ម៉ាក OPPO ០២គ្រឿង ឆ្នាំងសាកទូរស័ព ០២។
-កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ០១
-បន្ទះសុីមកាតស្មាតប្រើរួចចំនួន ០៣
-ប្រាក់រៀល២៧០០៛ ប្រាក់បាត០២សន្លឹក ស្មើនឹង៤០បាត។
-អាវ០២ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង និងខោជើងវែង០១ ពណ៌ស្លែ។
-ទឹកអប់ ០១ដប។(វត្ថុតាងខាងលើដកហូតពីជនសង្ស័យដោយផ្ទាល់)។
តាមរបាយការណ៍ពីសមត្ថកិច្ចដែលTVFB ទទួលបានបានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤ ខែមករា ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង។ បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។
ក្រោយគិតរួចហើយជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៊ី ប្រវែង២ម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។ ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ "សួគ៌ា" (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។ បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។ មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹតកជនរងគ្រោះ ពីក្រោយ ហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះ អូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។
ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អាវុធហត្ថ ខេត្តកណ្តាល និងស្រុកអង្គស្នួល ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើស អាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ (អាវុធហត្ថ ក្រុងប៉ោយប៉ែត) និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋាន អ.ហ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី ៕Mrr Ka