ចាប់ខ្លួនជនល្មើសចំនួន៤នាក់ ករណីជួញដូរ រក្សាទុកគ្រឿងញៀន រឹបអូសបានជាង ១០ គីឡូក្រាម
សន្តិសុខសង្គម
193

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តួយ៉ាងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូ រក្សាទុករគ្រឿងញៀន នៅ៣គោលដៅផ្សេងជាបន្តបន្ទាប់៖ គោលដៅទី១៖ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប គោលដៅទី២៖ ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី៣៖ ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៤នាក់រួមមាន ៖

១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត 0៦-សីហា-១៩៩១

២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨

៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩៨

៤. ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤

ដោយឡែកចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖

- សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម

-សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៩ ដុំ ទម្ងន់សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម

សរុបគ្រឿងញៀន ទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម។

-ទូរស័ព្ទចំនួន ០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមនីតិវិធី ៕


Telegram