កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាតគិតទុកជាមុន សម្លាប់យកម៉ូតូ និង ដុតសាកសពកម្ទេចចោល។ នេះបើយោងតាមផេកផ្លូវការរបស់ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។
សូមបញ្ជាក់ថា អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជាក់ស្តែង នៅវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការប្រទះឃើញសាកសព ០១ នៅចំណុចក្នុងព្រៃខាងជើងភូមិប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាករណីឃាតកម្ម។
ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើ ឲ្យបានជាដាច់ខាត។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។ គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងយើងកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្នុងនោះ សម្ភារៈបាត់បង់ ម៉ូតូ ០១គ្រឿង, ទូរសព្ទ ០១គ្រឿង។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យផ្ទាល់រួមមាន៖ ទូរសព្ទ ០៣គ្រឿង, កាបូបស្ពាយ ០១, ស៊ីមកាត ០៣, បា្រក់រៀល ២៤០០រៀល, ប្រាក់បាត ៤០បាត, អាវ ០២, ខោ ០១។
វត្ថុតាងទទួលពីនគរបាលរួមមាន៖ ម៉ូតូ ០១គ្រឿង, ខោរបស់ជនរងគ្រោះ ០១, ដែកគៀបធ្មេញរបស់ជនរងគ្រោះ ០១បន្ទះ, ស្បែកជើងរបស់ជនរងគ្រោះ ០១គូ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។
តាមរបាយការណ៍បានឲ្យដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។ នៅវេលាព្រឹកថ្ងៃទី១៤ ខែមករា ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួបដោយជិះមូតូមកដោយខ្លួនឯង។ បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។
ក្រោយគិតរួចហើយជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៊ី ប្រវែង២ម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។ ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ "សួគ៌ា" (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។ បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។ មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹតកជនរងគ្រោះ ពីក្រោយ ហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះ អូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។
ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អាវុធហត្ថ ខេត្តកណ្តាល និងស្រុកអង្គស្នួល ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើស អាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ (អាវុធហត្ថ ក្រុងប៉ោយប៉ែត) និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។