រាជធានីភ្នំពេញ ៖ ក្រុមជាងភ្លើង ឡើងតបណ្ដាញភ្លើងនៅអាគារកំពុងសាងសង់មួយកន្លែង ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ពីលើអន្ទាររងរបួសធ្ងន់ពីរនាក់ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅអាគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេសជ្ជ: អេរ៉ាហ្គោល ខមភើរេសិន ផ្លូវសាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ។ ទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រងរបួសទាំង២នាក់ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជាងមួយក្រុមបានមកឡើងអន្ទារ តបណ្ដាញប្រព័ន្ធភ្លើងនៅចំណុចអាគារកំពុងសាងសង់ ក្នុងបរិវេណឃ្លាំងស្តុកភេសជ្ជៈ ដោយមិនពាក់ឧបករណ៍សុវត្ថិភាពនោះទេ ក្រោយមក ស្រាប់តែឃើញធ្លាក់ពីលើអន្ទារបណ្ដាលអោយកម្មករជាងភ្លើងទាំង២នាក់នោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។
បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តាមការស្នើសុំពីមេការជនរងគ្រោះ។ រីឯម្ចាស់ទីតាំងនៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យក ន្លែងកើតហេតុមិនព្រមសហការនោះទេ ព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕ អែល វិចិត្រ+មេសា