រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅក្មេងៗសោះ ចេញពីរៀនមិនទាន់ ឌុបគ្នាចេញឆក់ទូរសព្ទអ្នកដំណើរតាមផ្លូវ ត្រូវសមត្ថកិច្ចសហការគ្នាចាប់ខ្លួនបាន ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ចំណុចផ្លូវបេតុង (បុរីអាយស៊ី) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៥ ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកដែលឃាត់ខ្លួនបានរួមមាន ៖
ទី០១/ គ្រៀល សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី០២/ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទាំង២នាក់នេះ ឃាត់ខ្លួនបាន ត្រង់ចំណុចផ្លូវបេតុង ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៣និង៣០នាទី ។
ក្នុងនោះ ទូរស័ព្ទដៃម៉ាក I PHONE 12Pro Max ពណ៌ប្រផេះ ចំនួន០១គ្រឿង ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0193, ទូរស័ព្ទដៃចំនួន០២គ្រឿង ( 1/ម៉ាក I PHONE 13Pro Max ពណ៍ប៉ៃតង ២/ម៉ាក I PHONE 7Plus ) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-9739 ចេញពីផ្ទះលេខ០៥ ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកទិញផ្លែឈើ នៅផ្សារសំបួរមាស ស្ថិតនៅភូមិសំបួរ ។ ពេលជនរងគ្រោះជិះម៉ូតូត្រលប់មកផ្ទះវិញ ដល់ចំណុច ផ្លូវបេតុង (បុរីអាយស៊ី) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ទី០១/ គ្រៀល សីហា ទី០២/ ឈ្មោះ វី ចំរ៉ុង ទី៣/ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន) ជិះម៉ូតូចំនួន០២គ្រឿង ទី១/ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0193 ទី២/ ម៉ាក SUZUKI NEX ពណ៌ទឹកក្រូចលាយស សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ហើយជនសង្ស័យឈ្មោះ គ្រៀល សីហា ជិះម៉ូតូម៉ាក SUZUKI NEXខាងលើបានមកធ្វើសកម្មភាពឆក់ទូស័ព្ទដៃម៉ាក I PHONE 12Pro Max ពណ៌ប្រផេះ ចំនួន០១គ្រឿង របស់ជនរងគ្រោះ ដែលទុកនៅហោប៉ៅម៉ូតូខាងស្តាំ រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមមតិវិធីច្បាប់។
ដល់វេលាម៉ោង១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី០១/ គ្រៀល សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី០២/ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ រួមនិងវត្ថុតាងត្រង់ចំណុចផ្លូវបេតុង ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ៕