ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ វ័យ៥៧ឆ្នាំ ក្រោយធ្វើសកម្មភាព ល្បួងក្មេងស្រីកំពុងជិះកង់លេងឲ្យជួយកាន់អីវ៉ាន់ រួចចាប់រំលោភរហូតបានសម្រេច និងគំរាមមិនឲ្យប្រាប់គេ ប្រយត្ន័ខ្លួនសម្លាប់ចោល ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១និង៣០នាទីរសៀល នៅចំណុចចំការស្វាយរំលេច ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះអក បរន ភេទប្រុស អាយុ ៥៧ឆ្នាំ ខ្មែរ រស់នៅភូមិគល់ទទឹង ឃុំសខ្មែ ស្រុកភ្នំក្រវាញ មុខរបររត់ម៉ូតូឌុប បានធ្វើសកម្មភាព បើកបរម៉ូតូដឹកអីវ៉ាន់នៅតាមផ្លូវ ហើយបានឃើញកុមារីរងគ្រោះ អាយុ១២ឆ្នាំ ខ្មែរ រស់នៅភូមិសន្ទ្រ ឃុំសន្ទ្រ ស្រុកភ្នំក្រវាញ មុខរបរសិស្ស កំពុងជិះកង់ ១គ្រឿង នៅតាមផ្លូវឧបគ្នា ៣នាក់ (ក្មេងៗដូចគ្នា) ពេលនោះជនសង្ស័យ ក៏បានហៅក្មេងរងគ្រោះឱ្យជួយកាន់ឥវ៉ាន់គាត់ ហើយកុមារីរងគ្រោះ ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុក-ម្ដាយ ជនរងគ្រោះរាប់អានស្គាល់គ្នា។ ដោយជនសង្ស័យ បានឌុបកុមារីរងគ្រោះ ជិះទៅដល់កន្លែងកើតហេតុខាងលើ រួចជនសង្ស័យ បានធ្វើសកម្ម ភាពចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ដោយគំរាមក្មេងស្រីរងគ្រោះ មិនឱ្យ និយាយប្រាប់គេ ប្រយ័ត្នសម្លាប់ចោល រួចជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ។
ក្រោយទទួលពាក្យបណ្ដឹងពីម្តាយក្មេងស្រីរងគ្រោះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤ល្ងាច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕