ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន មួយដែលបានបង្ហោះវីដេអូ មន្រ្តីនគរបាលស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូមិនពាក់មួក និងនិយាយទូរស័ព្ទពេលកំពុងបើកបរ ដោយភ្ចាប់ជាមួយខ្លឹមសារថា៖ ចាប់ពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ចំណែកខ្លួនឯងជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្តិភាពហើយ និយាយទូរស័ព្ទ ធ្វើព្រងើយមិនខ្មាស់ប្រជាពលរដ្ឋបន្តិចណាសោះ សូមលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងកុំអោយប្រជាពលរដ្ឋរិះគន់ទៅលើមន្ត្រីជាអ្នកអនុវត្តច្បាប់ដែលស្អាតស្អំ។
បន្ទាប់ពីទទួលបានព័ត៌មានរួច នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស័្មគ្រចិត្តទទួលកំហុស និងបង់ប្រាក់ផាកពិន័យនៅតាមច្បាប់ ចំនួនពីរអំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ។
-យោង : អនុក្រឹត្យ លេខ ០៣៩ អនក្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់ជំពូកទី៣ អំពើល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ មាត្រា៦ ថ្មី ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន ចំពោះអំពើល្មើស ដូចខាងក្រោម៖
-ចំណុចទី ១ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ចំពោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព។
-ចំណុចទី ២ ក ត្រូវពិន័យទឹកប្រាក់ចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល ចំពោះអ្នកបើកបរប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
-សរុបទឹកប្រាក់ពិន័យចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕