រថភ្លើងមួយខ្សែ​កំពុងធ្វើដំណើរ ត្រូវអគ្គិភ័យឆេះ ផ្នែកក្បាលខ្ទេចទាំងស្រុង ដោយមិនដឹងមូលហេតុ
សន្តិសុខសង្គម
123

ខេត្ត​កំពត​៖ រថភ្លើងមួយខ្សែ​កំពុងធ្វើដំណើរ ត្រូវបានអគ្គិភ័យឆាបឆេះ ផ្នែកក្បាលរថភ្លើងទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ មានរថភ្លើងមួយខ្សែ​ធ្វើ​ដំណើរ​ដឹកប្រេងឥន្ធនៈពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្ត​កំពត​ ក្បាលរថភ្លើងបានឆាបឆេះមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង​ចំណែក​អ្នកបើកបរឈ្មោះ អួន វឿន ភេទ​ ប្រុស អាយុ​ ៦២​ ឆ្នាំ​ រស់​នៅរាជធានីភ្នំពេញ រងរបួសស្រាល។

ជុំវិញករណីនេះ កម្លាំង​អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំង​ប៉ុស្តិ៍រដ្ឋបាលសំរោងលើ​ និង​កម្លាំង​អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០២​ គ្រឿង រថយន្ត​អគ្គិភ័យ​អធិការដ្ឋានស្រុកបន្ទាយមាសចំនួន ០១​ គ្រឿង និងរថយន្ត​អគ្គិភ័យ​អធិការដ្ឋានស្រុកអង្គរជ័យចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៤ រថយន្ត​ ស្មើនឹង ២០ម៉ែត្រគូប ៕


Telegram