ឯកឧត្តម ជួន ណារិន្ទ អំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺ, ខណៈមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺរួចហើយ!
សន្តិសុខសង្គម
607

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។

ជុំវិញការចោទប្រកាន់នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន។ ដោយលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន។

ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ សមត្ថកិច្ចជំនាញបានកោះហៅចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចហើយ ៕


Telegram