រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឈ្មោះ អាឡូវ ចេញឆក់លើកដំបូង មិនបានសម្រេចហើយ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ប្រដេញចាប់ខ្លួនបានទៀត។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង២ យប់ត្រូវថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអ្នកដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ កំពុងតែល្បាតតាមផ្លូវ ក៏បានឮតាមវិទ្យុទាក់ទង ថាមានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ចេញពីក្នុងខណ្ឌចំការមន ហើយក៏រត់មកខណ្ឌឫស្សីកែវ។ ភ្លាមនោះកម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ប្រទះឃើញនៅជនសង្ស័យ២នាក់ ដែលជិះរត់មកតាមបណ្ដោយផ្លូវជាតិលេខ ៥ រួចក៏ប្រដេញរហូតទៅដល់ផ្លូវ ៥៩៨ ទើបឃាត់បាន ហើយបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទីមួយដើម្បីបន្តនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលមានឈ្មោះ អាឡូវ អាយុ ១៦ឆ្នាំ បានឲ្យដឹងថា ខ្លួនទើបតែចេញឆក់លើកដំបូងនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក៏ឃើញជនបរទេសម្នាក់ ជិះកង់បីកំពុងតែនិយាយទូរសព្ទ ទើបលូកដៃទៅឆក់ តែឆក់មិនបានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនប្រដេញហើយ ក៏ជិះរត់មកដល់ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវធ្វើការបញ្ជូនជនសង្ស័យ មកប៉ុស្តិ៍នគរបាលបឹងកេងកងទីមួយ ដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕ Mrr Ka