រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់ ប្រកបរបរធ្វើការជាសន្តិសុខ ជិះម៉ូតូចេញពីផ្ទះមកធ្វើការ ខណៈឆ្លងផ្លូវ៦០ម៉ែត្រ ក៏ត្រូវបានរថយន្ត LexusRX300 ដែលជារថយន្តតាក់ស៊ី ប្រញាប់ទៅយកម៉ូយ បើកលឿនណាស់ជាន់មិនខ្វល់អាយុជីវិតអ្នកដ៏ទៃ មកបុកម៉ូតូ ជនរងគ្រោះពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់នៅលើផ្លូវ ហើយក្រោយពីបើកយ៉ាងព្រហើន បុកមនុស្សស្លាប់ហើយនោះ រថយន្តតាក់ស៊ីនេះ ក៏បត់ត្រឡប់ក្រោយ រត់តាំងពីផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើប អ៊ីអន៣ រហូតដល់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ក៏ត្រូវបាន កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំពុងល្បាតការពារសន្តិសុខ បានឃើញក៏ប្រដេញចាប់បានទាំងតៃកុង និងរថយន្តតែម្តង ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៥និង ៣០នាទីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាច់ញាតិបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមរបាយការណ៍ពីសមត្ថកិច្ច ក៏ដូចជាប្រភពព័ត៌មាននៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ បានជិះម៉ូតូម៉ាកនិច ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ជិះចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះជិះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្រាប់តែមានរថយន្តម៉ាក LexusRX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-1842 បើកបរដោយបុរសម្នាក់ឈ្មោះ យឹម សារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឃ្មត់ ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ជាន់ហ្រ្វាំងមិនទាន់ ក៏បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យស្រ្តីជាម្ចាស់ម៉ូតូ ផ្លោងបោកនៅនឹងផ្លូវស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
ក្រោយបុកគេស្លាប់ហើយនោះ រថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយ ព្យាយាមបើករត់គេចខ្លួន គាប់ជួនកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំពុងល្បាតការពារសន្តិសុខ បានឃើញទាន់ ក៏ប្រដេញតាមពីក្រោយ រហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្ត ក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយនឹងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងនគរបាលចរាចរណ៍ក្រុង ចុះមកដល់ពិនិត្យ ជុំវិញទីតាំងកើតហេតុ យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ +មេសា